រដ្ឋអាជ្ញា​បារាំង​ថា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegram ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ឃាំង ហើយ​នឹង​បង្ហាញ​ខ្លួន​ក្នុង​តុលាការ

រូបឯកសារ៖ បាតុករ​ដែលមានរូប​គំនូរ​ដែល​បង្ហាញ​ពី​ស្ថាបនិក Telegram លោក Pavel Durov តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​រុស្សី អំឡុង​ការ​ប្រមូល​ផ្តុំ May Day ក្នុង​ក្រុង Saint Petersburg កាលពី​ថ្ងៃទី១ ឧសភា ២០១៨។

រដ្ឋអាជ្ញា​បារាំង បាន​ដោះលែង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegramលោក Pavel Durov ចេញ​ពី​ការ​ឃុំខ្លួន​របស់​ប៉ូលិស​ក្រោយ​ពី​ត្រូវ​បាន​សាក​សួរ​អស់​ពេល​៤​ថ្ងៃ​ពី​បទ​ចោទ​ថា​ប្រព័ន្ធTelegram ត្រូវ​បាន​ប្រើ​សម្រាប់​សកម្មភាព​ខុស​ច្បាប់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Durov ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ព្រលានយន្តហោះ Le Bourget ក្រៅ​ក្រុង​ប៉ារីស។ ការឃាត់​ខ្លួន​នេះជា​ផ្នែក​មួយ​នៃ​ការ​សាកសួរ​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ក្តី​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មុន ដែល​ជាប់ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​រំលោភ​បំពាន​ចំនួន​១២។​

សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​បាន​សរសេរ​ថា«‍ចៅ​ក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​ឃុំខ្លួន​លោកPavel Durov ពី​ប៉ុស្តិ៍​ប៉ូលិស​ ហើយ​នឹង​ឲ្យ​គេ​នាំ​ខ្លួន​លោក​បង​បង្ហាញមុខ​ក្នុង​តុលាការ​ជា​លើកដំបូង និង​អាច​មាន​ការ​ចោទ​ប្រកាន់​ផ្លូវការ​»។

បទ​ចោទ​ផ្សេង​ទៀត​លើ​លោក Durov​ដែល​មាន​សញ្ជាតិ​បារាំង​ដែរ​នោះ រួម​មានការ​ប្រើ​ប្រព័ន្ធTelegram​របស់​លោក សម្រាប់​បំពាន​ផ្លូវ​ភេទ​កុមារ និង​ការ​ជួញដូរ​ថ្នាំ​ញឿន ការ​បន្លំ និង​ការ​សមគំនិត​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ដែល​មាន​ការរៀបចំ ហើយ​ថា​ប្រព័ន្ធ Telegram ប្រកែក​ មិន​ព្រម​ចែក​រំលែក​ព័ត៌មាន​ឬ​ឯកសារ ​ជាមួយ​ក្រុម​រដ្ឋអាជ្ញា​តាម​ច្បាប់​តម្រូវ​ទេ។

ការ​ចាប់​ខ្លួន​លោក Durov ក្នុង​ប្រទេស​បារាំង បាន​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បា​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ចាត់​ទុក​ថា​នេះ​ជា​ករណី​ពាក់​ព័ន្ធ​នឹង​នយោបាយ ហើយ​ជា​ភស្តុតាង​នៃ​ស្តង់ដារ​ពីរ​របស់​លោក​ខាង​លិច ក្នុង​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ។

ការ​ខឹង​សម្បា នាំ​ឲ្យ​មាន​ចម្ងល់​ក្នុង​ចំណោម​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​រុស្ស៊ី​ព្រោះ​នៅ​ឆ្នាំ​២០១៨ អាជ្ញាធរ​រុស្ស៊ី​ខ្លួនឯង បាន​ព្យាយាម​រាំង​ខ្ទប់​ប្រព័ន្ធ Telegram​តែ​បាន​បរាជ័យ ដោយ​បាន​ដក​បម្រាម​នោះ​វិញ​នៅ​ឆ្នាំ​២០២០។

ក្នុង​ប្រទេស​អីរ៉ង់ ទី​ដែល​កម្មវិធី Telegram ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ទោះ បីជា​មាន​បម្រាម​ផ្លូវ​ការ​ក្រោយ​ពី​ការ​តវ៉ា​រាប់​ឆ្នាំ​មក​ប្រឆាំង​នឹង​ទេវាធិបតេយ្យនិកាយ Shiite របស់​ប្រទេស​នេះ​ក៏​ដោយ ក៏​ការ​ចាប់ខ្លួន​លោក Durov​ក្នុង​ប្រទេស​បារាំង ញ៉ាំង​ឱ្យ​មាន​អត្ថាធិប្បាយ​ពី​មេដឹកនាំ​កំពូល​របស់អីរ៉ង់។ លោក Ayatollah Ali Khamenei បាន​សរសើរ​បារាំង​ចំពោះ​ភាព​«តឹងរ៉ឹង​‍»លើ​អ្នក​ដែល​«‍រំលោភ​ការគ្រប់គ្រង»​អ៊ីនធើណិត​នៅបារាំង៕

Leave a Reply

Your email address will not be published. Required fields are marked *