អាមេរិក អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​កូរ៉េ​ខាង​ត្បូង

ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ Boeing)

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៩​ខែ​សីហា​បាន​អនុម័ត​​​ការលក់​ឧទ្ធម្ភាគចក្រ​យោធា​​​ក្នុង​តម្លៃ ៣,៥​​ពាន់លានដុល្លារទៅ​ឲ្យ​កូរ៉េខាងត្បូង។ ការ​លក់​នេះ មាន​ប្រភេទ​​ឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦​គ្រឿង និងឧបករណ៍​​ផ្សេងៗ​បំពាក់​​លើ​ឧទ្ធម្ភាគចក្រ​​រួមទាំងមីស៊ីលផងដែរ។

 

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់​អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលបានស្នើឡើង​នេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវកម្លាំងដ៏គួរឲ្យ​ទុកចិត្តដែលអាចរារាំងសត្រូវ និងចូលរួមក្នុងប្រតិបត្តិការក្នុងតំបន់»។សេចក្តីថ្លែងការណ៍​ដដែល បានរៀបរាប់​ទៀត​ថា ការលក់នេះនឹង​ជួយ​ពង្រឹង «សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ Boeing)

DSCA បាន​បញ្ជាក់​​ថា ក្រុមហ៊ុន​ដែល​នឹង​ផលិត​ឧទ្ធម្ភាគចក្រ​​យោធា​​ក្នុង​កិច្ច​ព្រមព្រៀង​នេះ មាន​ចំនួន​២ គឺ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Lockheed Martin។

ជា​​ការ​កត់​សម្គាល់ ការប្រកាស​ស្ដី​ពី​ការ​អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​នេះ ធ្វើឡើងនៅថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំ​មួយ ដោយ​មាន​គោលបំណងទប់ទល់​នឹង​ការ​គំរាមកំហែង​​​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ សមយុទ្ធ Ulchi Freedom Shield នឹង​ប្រព្រឹត្ត​រហូត​ដល់ថ្ងៃទី​២៩​ខែសីហា ដែល​មានការចូលរួមពី​ក្រុម​យោធារាប់ម៉ឺន​នាក់​រវាង​​​​​​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *