វៀតណាម​បង្កើនមុខ​ទំនិញកសិផលទៅ​ចិន ខណៈ​ទំនាក់​ទំនង​ពាណិញ្ជកម្ម​កើន​ឡើង​

ប្រទេស​វៀតណាម​ បាន​បង្កើន​មុខ​ទំនិញ​កសិផល​ចំនួន​ ៣ មុខ​បន្ថែម​ទៀត សម្រាប់​ការ​នាំចេញ​ជា​ផ្លូវ​ការ​​ទៅ​ប្រទេសចិន​​ រួម​មាន​ សាច់ក្រពើ​ ទុរេនក្លាសេ និង​ផ្លែដូង​ ខណៈ​ទំនាក់​ទំនងសេដ្ឋកិច្ច​ និង​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​កើន​ឡើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

ការ​បង្កើន​មុខ​ទំនិញ​​មាន​នៅ​​ក្នុង​ពិធីសារ​អនុញ្ញាត​ ​ដែលបានចុះហត្ថលេខាដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម​ (MARD) និងរដ្ឋបាលទូទៅនៃគយនៃប្រទេសចិន ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្សកុម្មុយនិស្ត​ និងប្រធានាធិបតីវៀតណាម​ លោក​ Tô Lâm ទៅកាន់ប្រទេសចិន កាល​ពី​ថ្ងៃ​ចន្ទ​។

​MARD ​និយាយ​ថា ការចុះហត្ថលេខាលើពិធីសារនេះ បានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ដោយមាន​អត្ថន័យ​យ៉ាងជ្រាលជ្រៅចំពោះវិស័យកសិកម្មរបស់វៀតណាម។

ទុរេនក្លាសេ ដែល​កំណត់ថាជាផលិតផលអាទិភាព ត្រៀមនឹងជំរុញប្រាក់ចំណូលពី​ការ​នាំចេញកសិផលយ៉ាងច្រើន ហើយ​ការអនុញ្ញាត​ឱ្យ​នាំ​ចូល​ជា​ផ្លូវ​ការ​ទៅ​កាន់​ទីផ្សារ​ចិន​ ​រំពឹងថានឹងបើកឱកាសជាច្រើនសម្រាប់ឧស្សាហកម្មទុរេនរបស់​ប្រទេស​​ ខណៈ​វៀតណាម​រំពឹង​កើន​ចំណូល​បាន​ពី​ទុរេន​ក្លាសេ​ ប្រមាណ​ចន្លោះ​ពី​ ៤០០-៥០០ លានដុល្លារ​នៅ​ឆ្នាំ​នេះ​ ដោយ​មាន​ចិន​រួម​ចំណែក​លើស​លប់​លើ​ទីផ្សារ​​នាំ​ចូល​។

ដូច​គ្នា​ដែរ​ វៀតណាម​មើល​ឃើញ​ថា​ ការ​អនុញ្ញាត​ពី​ចិន​ឱ្យ​នាំ​ចូល​ផ្លែ​ដូង​ ក៏​ដូច​ជា​សាច់​ក្រពើ​ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​​កំណើន​​លើ​វិស័យ​រៀងៗ​ខ្លួន​ ដែល​នឹង​ជួយ​ជំរុញ​ផលិត​ផល​វៀតណាម​ឱ្យ​ត្រូវ​តាម​គុណភាព​ស្ដង់ដារ​សកល។

​គួរ​គូស​បញ្ជាក់​ថា​ ប្រទេស​​ចិន​បន្ត​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម ខណៈ​ទំនាក់​ទំនងសេដ្ឋកិច្ច​ និង​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​កើន​ឡើង​សរុប​ជា​ទឹក​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ​។ ស្ថិតិ​បង្ហាញ​ថា​ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុតរបស់វៀតណាម​ ដោយ​ឆមាស​ទី​១​ឆ្នាំ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈាន​ដល់​ជិត​ ៩៥ ប៊ីលាន​ដុល្លារ​។ ការ​ចេញ​ទៅ​ចិន​ មាន​ទំហំ​ ២៧,៨ ប៊ីលាន​ដុល្លារ​ កើន​ឡើង ៥,៣ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​ ហើយ​ការ​នាំ​ចូល​ពី​ចិន​មាន​ទំហំ ៦៧ ប៊ីលាន​ដុល្លារ​ កើន​ឡើង​​ ៣៥ ភាគរយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VietnamPlus។

ប្រទេសទាំង​២​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ជាមួយនឹងកតិកាសញ្ញាទាំងនេះ ពាណិជ្ជកម្មទ្វេភាគីត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសនៅក្នុងវិស័យដូចជា កសិកម្ម វាយនភ័ណ្ឌ និងអេឡិចត្រូនិច។

គេ​មើល​ឃើញ​ថា​ ចិន​មិន​ត្រឹម​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​វៀតណាម​នោះ​ទេ​ ចិន​ក៏​រួមចំណែក​ដ៏​សំខាន់​លើ​លំហូរវិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​វៀតណាម​ផង​ដែរ​។ ​រយៈពេល៧ខែដំបូងនៃឆ្នាំនេះ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៩១ ដែលវិនិយោគនៅវៀតណាម ​ចិនបានកាន់កាប់តំណែងកំពូលក្នុងចំនួនគម្រោងវិនិយោគថ្មីៗ​ ដោយ​រួម​ចំណែក​ ២៩,៧ ភាគរយ នៃចំនួនសរុប។ នេះ​បើ​តាម​ក្រសួងផែនការ និងវិនិយោគវៀតណាម​ ដែល​​បាន​ឱ្យ​ដឹង​ថា​ សាជីវកម្មចិនធំៗជាច្រើនក្នុងវិស័យបច្ចេកវិទ្យា អគ្គិសនី-អេឡិចត្រូនិក ​កែច្នៃ ​ផលិត ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី បានដាក់​ការ​វិនិយោគក្នុងប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *