យូនីសេហ្វ​ជំរុញ​ឱ្យ​ឪពុកម្តាយ​នាំ​កូនស្រី​អាយុ ៩ឆ្នាំ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន

កុមារី​ពីរនាក់​ញញឹម​នៅ​ពេល​ថត​រូប​នៅ​សាលារៀន​មួយ​កន្លែង នៅ​ខេត្តសៀមរាប។ (រូបថត​ដោយ CFC)

អង្គ​ការ​យូនីសេហ្វ​ប្រចាំកម្ពុជា​ (UNICEF Cambodia) ជំរុញ​ឱ្យ​ឪពុក​ម្តាយ​នាំកូន​ស្រី​អាយុ​ ៩​ឆ្នាំ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាមមណ្ឌល​សុខ​ភាព​ ឬ​សាលា​រៀន​ក្នុង​ប្រទេស​កម្ពុជា។

លោក​ Raveesha R Mugali អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​របស់​អង្គ​ការ​យូនីសេហ្វ​ប្រចាំកម្ពុជា​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ជំងឺ​មហា​រីក​មាត់​ស្បូន​ជា​ជំងឺ​ដែល​ត្រូវ​បាន​ហៅ​ថា​ «ឃាត​ករ​លាក់​មុខ» និង​ជា​ជំងឺ​មហារីក​លំដាប់ទី៤​ ដែល​កើត​ឡើង​ញឹក​ញាប់​ជាង​គេលើ​ពិភព​លោក​។​ ហើយ​នៅ​កម្ពុជា​ ជំងឺ​មហា​រីក​មាត់​ស្បូន​កើត​លើ​ស្រ្តី​គ្រប់​វ័យ​ និង​មាន​ចំនួន​ច្រើន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ចំណោម​ជំងឺ​មហារីក​ផ្សេង​ទៀត។​

បើ​តាម​លោក​ Raveesha R Mugali ​អង្គ​ការ​យូ​នី​សេហ្វ​បាន​ជួយ​គាំទ្រ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការ​ផ្គត់​ផ្គង់ ​និង​ចែក​ចាយ​វ៉ាក់​សាំងតាម​មណ្ឌល​សុខ​ភាព​ ដោយ​បង្កើត​ឱ្យ​មាន​យុទ្ធ​នា​ការ​ផ្តល់​ការចាក់​វ៉ាក់​សាំង​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារីអាយុ​៩​ឆ្នាំ​ ព្រម​ទាំង​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​ឱ្យ​ឪពុក​ម្តាយ​ និង​អាណា​ព្យា​បាល​នាំ​កូនស្រី​ដែល​មាន​អាយុ​ ៩​ឆ្នាំ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូនតាមសហគមន៍​ជា​ដើម។​

លោក​ Raveesha R Mugali ថ្លែងជា​ភាសា​អង់​គ្លេស​ ដែល​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា​៖​ «បច្ចុប្បន្ន​យុទ្ធ​នា​ការ​ក្នុង​ការ​ជំរុញ​ឱ្យ​កុមារី​អាយុ​៩​ឆ្នាំ​ទៅ​ទទួល​វ៉ាក់​សាំង​ HPV នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​សីហា​ ដល់​ខែ​តុលា​ ឆ្នាំ​២០២៤​។ បន្ទាប់​ពី​យុទ្ធ​នា​ការ​នេះ​បញ្ចប់​ វ៉ាក់​សាំង​នឹង​នៅ​តែ​មាន​ការ​ផ្តល់​ជូន​នៅ​តាម​មណ្ឌល​សុខ​ភាព​ទូទាំង​ប្រទេស»។

វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​នេះ​ ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃចំនួន​មួយ​ដូស សម្រាប់​ក្មេង​ស្រី​ដែល​មាន​អាយុ​ ៩​ឆ្នាំ​ប៉ុណ្ណោះ។ សម្រាប់​ក្មេងស្រី​ដែល​មាន​អាយុ​លើស​ពីនេះ ត្រូវ​ពិភាក្សា​នៅមណ្ឌល​សុខភាព​បន្ថែម។ នេះ​បើ​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​យូនីសេហ្វ​។

ជំងឺ​មហារីក​មាត់​ស្បូន​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លងវីរុស​ Papillomavirus របស់​មនុស្ស​ ឬ​ហៅ​ថា​ជា​វីរុស​ HPV។ វីរុសនេះអាច​ការពារ​បាន​តាម​រយៈ​ការ​ចាក់​វ៉ាក់​សាំង HPV ដល់​ក្មេង​ស្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៩​ ទៅ​១៤ឆ្នាំ​ ព្រោះ​នៅ​វ័យ​នេះ​វ៉ាក់​សាំង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​អាច​ការពារ​ពួក​គេ​បាន។

បើតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គការ​យូនីសេហ្វ​ប្រចាំនៅកម្ពុជា ជំងឺ​មហារីក​មាត់​ស្បូន​មានករណី​ថ្មី​ទូទាំងពិភព​លោក​ ចំនួន ៦៦​ម៉ឺន​ករណី និង​ករណី​ស្លាប់​ចំនួន ​៣៥ម៉ឺន​ករណី ​ក្នុង​ឆ្នាំ​២០២២។ ​នៅ​កម្ពុជា ជំងឺ​មហារីក​មាត់​ស្បូនមាន​ករណី​ថ្មី​ចំនួន​ ១,១៣៥​ករណី និង​ករណី​ស្លាប់​ចំនួន​៦៤៣​ករណី ជា​រៀង​រាល់​ឆ្នាំ​។​

ក្នុង​យុទ្ធ​នាការ​ផ្តល់​ការ​ចាក់​វ៉ាក់​សាំងផ្សេងៗ​នៅ​តាម​សាលា​រៀន ក៏​មាន​ការ​ផ្តល់​ជូន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន​ដល់​ក្មេង​ស្រី​ដែល​មាន​អាយុ​ ៩​ឆ្នាំដោយ​ឥត​គិត​ថ្លៃផង​ដែរ។​ តួយ៉ាង​នៅសាលា​បឋម​សិក្សា​វត្ត​ចាស់​ ក្នុង​ស្រុក​កងមាស​ ខេត្ត​កំពង់​ចាម​ កុមារី ណេត​ អ៊ី​អ័រ ប្រាប់​វីអូអេ​ថា ​នាង​សប្បាយ​ចិត្ត​ក្រោយ​ពេល​ទទួល​បាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​។​

កុមារី​អាយុ​ ​៩​ឆ្នាំ រូប​នេះ​ថា ​នាង​បាន​ដឹង​ពី​អ្នក​គ្រូ​របស់​នាង​ពី​ជំងឺ​មហារីក​មាត់​ស្បូន​ថា ជា​ជំងឺ​កាច​សាហាវ​ ហើយ​ការ​ចាក់​វ៉ាក់​សាំង​នេះ​នឹង​អាច​ជួយ​ជីវិត​នាង​បាន​នៅ​ថ្ងៃ​អនាគត។

កុមារី ណេត​ អ៊ី​អ័រ ថ្លែង​ថា​៖​ «វា​ផ្តល់​ផល​ប្រយោជន៍​ដល់​ជីវិត​យើង​នៅ​ពេល​ដែល​យើង​ធំ​ឡើង​មិន​ឱ្យ​កើត​ជំងឺ​ហ្នឹង»។

អ្នក​ស្រី​ ផា​ នាង នាយិកា​សាលា​បឋម​សិក្សា​វត្ត​ចាស់​ ក្នុង​ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​ ប្រាប់​វីអូអេ​ថា ​សាលា​បឋម​សិក្សា​វត្ត​ចាស់​មាន​សិស្ស​សរុប​ ៤០៣នាក់​ ក្នុង​នោះ​សិស្ស​ស្រី​មាន​ចំនួន​២០១​នាក់​។ សិស្ស​ស្រី​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ចំនួន​សរុប ២១​ នាក់។

នាយិកា​រូប​នេះបន្ថែម​ថា​ ជំងឺ​មហារីក​មាត់​ស្បូន​ជា​ជំងឺ​មួយ​ដែល​កាច​សាហាវ​ ហើយ​ការ​ផ្តល់​វ៉ាក់​សាំង​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ និងអាច​ជួយ​ជីវិត​ក្មេង​ស្រី​ពី​ការ​ប្រឈម​ជា​មួយ​ជំងឺ​មហារីក​នេះ​ពេញ​មួយ​ជីវិត។

អ្នក​ស្រី​ ផា​ នាង​ ថ្លែង​ថា​៖​ «ក្នុង​ការ​ចាក់​វ៉ាក់​សាំង​នេះ​ វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ជាពិសេស​ចំពោះ​សិស្ស​ស្រី អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ព្រោះ​ជំងឺ​នេះ​វា​កាច​សាហាវ​»។​

រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​ផ្តល់​ជូន​ការ​ចាក់​វ៉ាក់​សាំងការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ជាលើក​ដំបូង​ដល់​កុមារី​ដែល​មាន​អាយុ​ ៩​ឆ្នាំ​នៅ​ខែ​តុលា​ ឆ្នាំ​២០២៣ ដោយ​មាន​ក្មេង​ស្រី​ដែល​បាន​ទទួល​វ៉ាក់​សាំង​នេះ​ចំនួន​ជាង​ ១៤ម៉ឺន​នាក់​។ សម្រាប់ឆ្នាំ​២០២៤​ យុទ្ធ​នាការ​នេះធ្វើ​ឡើង​ក្នុង​ខែ​សីហា​ រហូត​ដល់​ខែ​តុលា​ ដោយ​នឹង​ផ្តល់​ជូន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​ដល់​ក្មេង​ស្រី​ដែល​មាន​អាយុ​ ៩​ឆ្នាំ​ ចំនួន​ជាង​១៦​ម៉ឺន​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *