ផ្ទុះ​មីនតោន​ស្លាប់​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ដែល​ធ្វើឱ្យ​ចំនួន​ជន​រងគ្រោះ​កើន​ឡើង​ដល់ ៣៨នាក់

បាត់ដំបងៈ បុរស​អាយុ​២៣​ឆ្នាំម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​ក្រោយ​ពី​បើក​ត្រាក់ទ័រ​កិន​លើ​គ្រាប់​មីន​តោន​នារ​សៀល​ព្រហស្បតិ៍ ទី១៥​ខែ​សីហា​នេះ ដែលធ្វើឱ្យ​ចំនួនជន​រងគ្រោះ​ដោយសារតែ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះកើន​ឡើង​ដល់​៣៨​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ។

អាជ្ញាធរមីន​បញ្ជាក់​ថា៖«មានករណី​ផ្ទុះមីន​តោន នៅ​លើ​ដីស្រែ ​ក្នុងភូមិ​ជីប៉ាង ​ឃុំផ្លូវមាស ​ស្រុក​រតនមណ្ឌល ​ខេត្ត​បាត់​ដំបង បណ្ដាល​ឱ្យបុរស​ម្នាក់​ឈ្មោះ​ វ៉ាត សាវុន​បាន​ស្លាប់នៅនឹង​កន្លែង ​ខណៈពេល​ដែលជន​រង​គ្រោះ​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរដី»។

ជនរង​គ្រោះរស់​នៅ​ក្នុង​ភូមិភ្ជាវ​ ឃុំត្រែង ​ស្រុក​រតនមណ្ឌល ​ខេត្តបាត់ដំបង។ ករណីផ្ទុះ​នេះ​ក៏​បណ្តាល​ឱ្យ​ត្រាក់ទ័រ​ខូច​ខាត​ ទាំង​ស្រុង​ផង​ដែរ។

លោក​ ឡាង កុសល ​អ្នកនាំពាក្យ​អាជ្ញាធរ​មីនបាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា​ ដល់​ខែកក្កដា ​ឆ្នាំ២០២៤​នេះ​ មាន​ជនរង​គ្រោះ​ដោយ​សារយុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ចំនួន ៣៧​នាក់។ តួលេខនេះ ​មាន​ការកើន​ឡើង​ចំនួន​ ​៦១ភាគរយ បើ​ប្រៀប​ធៀប​ទៅនឹង​រយៈ​ពេលដូចគ្នា​នៅ​ឆ្នាំ​២០២៣ ​ដែល​មាន​ជន​រង​គ្រោះ​ចំនួន ​២៣​នាក់។

បើ​គិត​ទាំង​ករណីចុង​ក្រោយ​នេះផង ​ចំនួនជន​រងគ្រោះ​ដោយសារតែ​យុទ្ធភណ្ឌគ្រឿង​ផ្ទុះ​បានកើន​ឡើង​ដល់​៣៨​នាក់។ ក្នុង​នោះ ​ជនរងគ្រោះ​ស្លាប់​មាន​១០នាក់ ​របួស​ ២១នាក់ ​និង​ពិការអវយវៈ ៧នាក់ផង​ដែរ។

អាជ្ញាធរមីន ​និង​អង្គភាពស៊ីម៉ាក់ ​(CMAC)​បាន​ធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​កុំប៉ះ​ពាល់​នៅ​ពេល​ឃើញ​គ្រាប់មីន ​និង​សំណល់​យុទ្ធភណ្ឌ​សង្រ្គាម។ លើសពី​នោះកុំចូលទៅ​តំបន់ណា​ដែល​មិនដឹង​ប្រវត្តិច្បា​ស់​លាស់​ និង​ត្រូវ​សាក​សួរ​អាជ្ញាធរមូល​ដ្ឋាន នៅ​មុន​ពេល​ចូលទៅ​ក្នុងតំបន់នោះ។

អាជ្ញាធរមីន​បានអំពាវនាដូច្នេះថា៖«សូមកុំប៉ះ​ពាល់នៅពេល​ឃើញមីន និងគ្រាប់​មិន​ទាន់​ផ្ទុះ ហើយត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរមាន​សមត្ថកិច្ច ​និង​ប្រតិបត្តិករ​បោស​សម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់ទាំងនោះ​ទៅកំទេចចោល»។

អង្គភាព​ស៊ី​ម៉ាក់ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា៖«សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ជាង​២៥​ឆ្នាំ​ហើយ ​ប៉ុន្តែ​ឈាមខែ្មរ​នៅ​តែ​ហូរ​ដោយ​សារ​គ្រាប់​មីន​និងសំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម»។

អង្គភាព​ស៊ីម៉ាក់​ក៏​បានក្រើន​រំលឹក​ផង​ដែរ​ថា​ រដូវវស្សា​ពោរពេញ​ទៅដោយ​ទឹកភ្លៀង ​ហើយ​តំបន់​មួយ​ចំនួន​ក៏កំពុង​ទទួល​រង​នូវការ​គំរាម​កំហែង​ដោយ​សារ​ទឹក​ជំនន់។ ហេតុនេះ​ ប្រជាពលរដ្ឋ​ត្រូវប្រុង​ប្រយ័ត្នឱ្យ​បានខ្ពស់ ​ជាពិសេស ​ពលរដ្ឋ ​ដែល​រស់​នៅតា​មតំ​បន់ដែលសង្ស័យ​ថា​មីន ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពេល​ធ្វើដំណើរ ​ព្រោះគ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្រ្គាម​អាចនឹង​ហូរ​តាម​ទឹក ឬ​ផុស​ចេញ​ពី​ដី​ដែលបាន​កប់ជា​ច្រើន​ឆ្នាំមក​ហើយ។

អង្គភាព​ស៊ីម៉ាក់​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖«សូម​កុំប៉ះ​ពាល់​គ្រាប់មីនទាំង​នោះ ហើយ​មេត្តាដាក់​សញ្ញា​សម្គាល់ ​និង​សូមរាយការណ៍​មក​អង្គភាព​ស៊ីម៉ាក់​ប្រសិន​បើលោក​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​ហូរ​តាម​ទឹក​ទាំង​នោះ»៕

Leave a Reply

Your email address will not be published. Required fields are marked *